♠នឹកស្រុកខ្មែរ!

កំណាព្យបទពាក្យ​ ៧ សាមញ្ញ ។

♦♦

គន់មើលសូរិយារៀបលិច______ពន្លឺពព្រិច នាជើងមេឃ

អារម្មណ៍ក្តុកក្តួលអួលសង្វេគ____បង្ហូរទឹកភ្នែក នឹកស្រុកខ្មែរ។

ទឹកដីកំណើតស្នេហាខ្ញុំ​________ព្រៃឈើតូចធំ ចំការស្រែ

សម្បត្តិតូចធំអណ្តូងរ៉ែ________រុក្ខាហូបផ្លែ នឹងមច្ឆា។

ស្នាដៃបុព្វបុរសខ្មែរ__________ជាកេរ្តិ៍ដំណែរ ពីដូនតា

ប្រាសាទអង្គរវត្តអស្ចារ្យ_______ទូទាំងលោកា កោតស្ញប់ស្ញែង ។

ឃ្លាតកាយមែនពិតចិត្តខ្ញុំនៅ____ដឹតជាប់យ៉ាងជ្រៅ នឹកក្រៃលែង

នឹកស្រុកភូមិ៎ឱរ៉ាចំបែង_______ចាប់ប៉ាកកាតែង ជាកំណាព្យ។

ទឹកដីសម្បូរចំការស្រែ_______ពូមីងពុកម៉ែ ប្រឹងដរាប

ព្រឹកល្ងាចក្នុងស្រែខំព្រួសសាប__ថែទាំសំណាប ទើបលាស់ថ្មី។

នឹកម្ហូបត្រីបុកនឹងក្រសាំង______ត្រីរ៉ស់ដាក់អាំង អំពិលខ្ចី

ទឹកគ្រឿងប្រហុកគ្មានទាស់អ្វី____អង្ករស្រូវថ្មី ឆ្ងាញ់អស្ចារ្យ។

នឹកទឹកត្នោតផ្អែមត្រជាក់ល្អ_____ឈ្ងុញឈ្ងប់ណាស់ន៎ ឆ្ងាញ់ពិសារ

ស្រណោះក្លិនម្អមស្រែពេកណា៎___នឹកខែវស្សា កង្កែបយំ។

ទឹកដីស្រុកខ្មែរស្នេហាអើយ!_____មិនបំភ្លចឡើយ ក្នុងចិត្តខ្ញុំ

មិនយូរប៉ុន្មា្ញនវិលជួបជុំ_______ខ្មែរមនោរម្យ សុខក្សេមក្សាន្ត​ ៕

កំណាព្យនិពន្ធដោយ ៖

៣-វិច្ឆការ-២០០៧

Advertisements

♠ច័ន្ទរះនាពេលថ្ងៃ

កំណាព្យបទពាក្យ ៨ សាមញ្ញ ។

♦♦

ព្រះច័ន្ទតែងបង្ហាញខ្លួនពេលយប់​____នាវេលាព្រលប់ មានដួងខែ

ខ្នើតដល់ពេញបូណ៌ច័ន្ទរះឥតល្ហែ____ចម្លែកគ្រាខ្លះដែរ រះពេលថ្ងៃ។

អូននេះតែងមិនចូលចិត្តប្រុសបង____ចម្លែកគ្រាហ្នឹ៎ងម្តង នឹករូបថ្លៃ

ប្រៀបដូចដួងច័ន្ទដែលរះពេលថ្ងៃ____ប្លែកណាស់ក្នុងដួងច័យ ព្រោះហេតុអ្វី។

ផ្ទះយើងទាំងពីរនៅជាប់របង________អូនជាមួយនួនល្អង ទាស់សំដី

បងជាបន្លាក្នុងកែវភ្នែកស្រី_________ឈ្លោះគ្នាកាលក្មេងវ័យ ​ ដល់ក្រមុំ។

ជួបមុខពេលណាសំលក់សំលឹង_____ឃើញមុខបងអូនខឹង សំដីធំ

ចង់ស្ទុះទៅច្រានប្រុសដួលរលំ______រើសដីមួយកូនដុំ លួចគប់បង។

ចង់កើតជាសត្វឃ្មុំទិចថ្ពាល់ថ្លៃ______បើជាខ្សែរស្រម៉ៃ ចាប់ប្រុសចង

បើកើតជាខ្លាខាំបងតែម្តង_________ស្អប់ផងឃ្នាន់ខ្នាញ់ផង បងនេះណ៎ា។

តាំងពីបងផ្លាស់ទៅរៀនស្រុកឆ្ងាយ___ពាក្យទ្រគោះទាំងឡាយ ស្តីអ្នកណា

ខានបានសំឡក់កន្ទុយនេត្រា_______បាត់បងគ្មានអ្នកណា​ អោយអូនស្អប់។

អើតតាមបង្អួចលួចមើលផ្ទះថ្លៃ______ទន្ទឹងរាប់យប់ថ្ងៃ បងត្រឡប់

តើពេលណាទៅទើបស្ងួនរៀនចប់____វិលវិញអោយអូនស្អប់ ដូចគ្រាដើម។

នេះហើយពាក្យចាស់ស្អប់ជំពប់លើ___បេះដូងស្រីល្ងីល្ងើ បានចាប់ផ្តើម

ដើរដេកអង្គុយនឹកគ្រប់ដង្ហើម_______ដូចផ្កាចាំសន្សើម អូនចាំបង ៕

កំណាព្យនិពន្ធដោយ ៖

៣០-តុលា-២០០៧

♠អរុណសួរស្ដី

កំណាព្យបទពាក្យ ៨​ សាមញ្ញ ។

♦♦

អរុណសួរស្ដីប្រិយមិត្តអ្នកអាន___អរគុណអ្នកដែលបាន ចូលទស្សនា

បើខុសឆ្គងសុំមតិវាចា________ផ្ដល់យោបល់មេត្តា ប្រាប់ខ្ញុំផង ។

ពាក្យពេជន៍មានន័យពិរោះរងំ___ជាលើកដំបូងខ្ញុំ តែងចងក្រង

អត្ថន័យកំណាព្យជូនមិត្តភូមិផង__ពូ មីង អ៊ំ ប្អូន បង គាប់ចិន្តា។ បន្ត​ការ​អាន