
កំណាព្យបទពាក្យ ៨ សាមញ្ញ ។
♦♦
ព្រះច័ន្ទតែងបង្ហាញខ្លួនពេលយប់____នាវេលាព្រលប់ មានដួងខែ
ខ្នើតដល់ពេញបូណ៌ច័ន្ទរះឥតល្ហែ____ចម្លែកគ្រាខ្លះដែរ រះពេលថ្ងៃ។
♪
អូននេះតែងមិនចូលចិត្តប្រុសបង____ចម្លែកគ្រាហ្នឹ៎ងម្តង នឹករូបថ្លៃ
ប្រៀបដូចដួងច័ន្ទដែលរះពេលថ្ងៃ____ប្លែកណាស់ក្នុងដួងច័យ ព្រោះហេតុអ្វី។
♪
ផ្ទះយើងទាំងពីរនៅជាប់របង________អូនជាមួយនួនល្អង ទាស់សំដី
បងជាបន្លាក្នុងកែវភ្នែកស្រី_________ឈ្លោះគ្នាកាលក្មេងវ័យ ដល់ក្រមុំ។
♪
ជួបមុខពេលណាសំលក់សំលឹង_____ឃើញមុខបងអូនខឹង សំដីធំ
ចង់ស្ទុះទៅច្រានប្រុសដួលរលំ______រើសដីមួយកូនដុំ លួចគប់បង។
♪
ចង់កើតជាសត្វឃ្មុំទិចថ្ពាល់ថ្លៃ______បើជាខ្សែរស្រម៉ៃ ចាប់ប្រុសចង
បើកើតជាខ្លាខាំបងតែម្តង_________ស្អប់ផងឃ្នាន់ខ្នាញ់ផង បងនេះណ៎ា។
♪
តាំងពីបងផ្លាស់ទៅរៀនស្រុកឆ្ងាយ___ពាក្យទ្រគោះទាំងឡាយ ស្តីអ្នកណា
ខានបានសំឡក់កន្ទុយនេត្រា_______បាត់បងគ្មានអ្នកណា អោយអូនស្អប់។
♪
អើតតាមបង្អួចលួចមើលផ្ទះថ្លៃ______ទន្ទឹងរាប់យប់ថ្ងៃ បងត្រឡប់
តើពេលណាទៅទើបស្ងួនរៀនចប់____វិលវិញអោយអូនស្អប់ ដូចគ្រាដើម។
♪
នេះហើយពាក្យចាស់ស្អប់ជំពប់លើ___បេះដូងស្រីល្ងីល្ងើ បានចាប់ផ្តើម
ដើរដេកអង្គុយនឹកគ្រប់ដង្ហើម_______ដូចផ្កាចាំសន្សើម អូនចាំបង ៕
♪
កំណាព្យនិពន្ធដោយ ៖

៣០-តុលា-២០០៧
គ្មានទាន់មាន វិចារ
គ្មានទាន់មាន វិចារ។
បញ្ជាប់ (RSS) វិចារ URI នៃ ឧបករ តាមដានត្រលប់
បញ្ចេញ មួយវិចារ

♥ ចំនូនភ្ញៀវកំពុងអាន...







